ព្រះត្រៃបិដក ភាគ ៣៦
ពួកស្តេចចាប់បុរសនោះបានហើយ ទើបឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន អំពើមានសភាពយ៉ាងនេះ ខ្ញុំព្រះអង្គបានឃើញ បានឮ ហើយគង់នឹងបានឮផង។
[៣០០] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។បេ។ អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។
[៣០១] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីទាំងឡាយបម្រើដោយកាម ហាក់ដូចជាព្រះរាជា។
ID: 636850867994082435
ទៅកាន់ទំព័រ៖