ព្រះត្រៃបិដក ភាគ ៣៦
ទើបត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ ពោលនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានកាច់បង់ប្រយោជន៍ របស់គហបតី ឬគហបតិបុត្ត ដោយពាក្យមុសា ព្រោះហេតុនោះ ពួកស្តេចចាប់បុរសនោះបានហើយ ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។
[៣០២] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ ពោលពាក្យមុសា បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ពោលពាក្យសច្ចៈ ឬមុសា។ មុសា ព្រះអង្គ។ ពួកសមណព្រាហ្មណ៍ឯណា ពោលពាក្យទទេ ពាក្យមុសា សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានសីល ឬទ្រុស្តសីល។ ជាអ្នកទ្រុស្តសីល ព្រះអង្គ។
ID: 636850868398205550
ទៅកាន់ទំព័រ៖