ព្រះត្រៃបិដក ភាគ ៣៦
ចុះសមណព្រាហ្មណ៍ទាំងឡាយឯណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រតិបត្តិខុស ឬប្រតិបត្តិត្រូវ។ ជាអ្នកប្រតិបត្តិខុស ព្រះអង្គ។ ចុះសមណព្រាហ្មណ៍ទាំងឡាយឯណា ជាអ្នកប្រតិបត្តិខុស សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមិច្ឆាទិដ្ឋិ ឬជាអ្នកសម្មាទិដ្ឋិ។ ជាអ្នកមិច្ឆាទិដ្ឋិ ព្រះអង្គ។ ចុះពួកសមណព្រាហ្មណ៍ឯណា ជាអ្នកមិច្ឆាទិដ្ឋិ អ្នកផងគួរជ្រះថ្លា នឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ។ អស្ចារ្យណាស់ ព្រះអង្គ ចម្លែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានផ្ទះសំណាក់មួយ ក្នុងផ្ទះសំណាក់នោះ មានគ្រែតូច មានអាសនៈ មានក្អមទឹក មានប្រទីបប្រេង។ សមណព្រាហ្មណ៍ឯណា ចូលទៅអាស្រ័យក្នុងផ្ទះ សំណាក់នោះ ខ្ញុំព្រះអង្គ ក៏ចាត់ចែង ចែកប្រគេនសមណៈ ឬព្រាហ្មណ៍នោះ សមគួរតាមស័ក្តិ តាមកម្លាំង។
ID: 636850868577185787
ទៅកាន់ទំព័រ៖