ព្រះត្រៃបិដក ភាគ ៣៦
បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាប ក៏មាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានដោយខ្លួនឯង ប្រើអ្នកដទៃឲ្យ ឲ្យទាន បូជាដោយខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបុណ្យ ក៏មាន។ បុណ្យក៏មានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ មានសេចក្តីងឿងឆ្ងល់ថា បណ្តាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ សមណព្រាហ្មណ៍ណា ពោលពាក្យសច្ចៈ សមណព្រាហ្មណ៍ណា ពោលពាក្យមុសា។ ម្នាលគាមណី ពិតហើយ គួរឲ្យអ្នកសង្ស័យ គួរឲ្យអ្នកងឿងឆ្ងល់ដែរ មួយទៀត សេចក្តីសង្ស័យ របស់អ្នក កើតមានក្នុងហេតុ ដែល គួរសង្ស័យ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ ដោយគិតដូច្នេះថា ព្រះដ៏មានព្រះភាគ អាចទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ តាមទំនង ដែលខ្ញុំព្រះអង្គ គួរលះបង់ នូវសេចក្តីសង្ស័យនេះចេញបាន។
ID: 636850869560852050
ទៅកាន់ទំព័រ៖