ព្រះត្រៃបិដក ភាគ ៣៦
[៣០៧] ម្នាលគាមណី ធម្មសមាធិ មាន បើអ្នកបានចិត្តសមាធិ
(១) ក្នុងធម្មសមាធិនោះ អ្នកក៏គប្បីលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។ ម្នាលគាមណី ចុះធម្មសមាធិ តើដូចម្តេច។ ម្នាលគាមណី អរិយសាវកក្នុងសាសនានេះ បានលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត លះបង់អទិន្នាទាន វៀរស្រឡះ ចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទៈ វៀរស្រឡះចាកមុសាវាទៈ លះបង់បិសុណាវាចា វៀរស្រឡះចាក បិសុណាវាចា លះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា លះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ លះបង់អភិជ្ឈា ជាអ្នកមិនមានអភិជ្ឈា លះបង់សេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ ជាអ្នកមានចិត្តមិនព្យាបាទ លះបង់មិច្ឆាទិដ្ឋិ ជាអ្នកសម្មាទិដ្ឋិ។
(១) អដ្ឋកថា កែត្រង់ធម្មសមាធិ និងចិត្តសមាធិនេះជា ៣ ន័យ ន័យទី១ថា ទសកុសលកម្មបថធម៌ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះថា ចិត្តសមាធិ។ ន័យទី២ថា ធម៌ ៤យ៉ាង គឺ បាមោជ្ជៈ បីតិ បស្សទ្ធិ សមាធិ ឈ្មោះថា ធម្មសមាធិ មគ្គទាំង៤ ព្រមទាំងវិបស្សនា ឈ្មោះថា ចិត្តសមាធិ។ ន័យទី៣ថា ព្រហ្មវិហារទាំង៤ ឈ្មោះថា ធម្មសមាធិ ឯកគ្គតាចិត្ត ដែលកើតឡើង ដល់បុគ្គលកំពុងចំរើនព្រហ្មវិហារ ឈ្មោះថា ចិត្តសមាធិ។
ID: 636850869860519190
ទៅកាន់ទំព័រ៖