ព្រះត្រៃបិដក ភាគ ៣៦
បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យក នូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ (សេចក្តីត្រេកអរទន់) ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិ (សេចក្តីត្រេកអរខ្លាំង) ក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។
ID: 636850870257451893
ទៅកាន់ទំព័រ៖