ព្រះត្រៃបិដក ភាគ ៣៦
លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ ក៏មាននៅក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បាន ឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។
ID: 636850882065687285
ទៅកាន់ទំព័រ៖