ព្រះត្រៃបិដក ភាគ ៣៦
ពួកសត្វជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏មិនមានក្នុងលោក។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬគ្មានសេចក្តីតក់ស្លុត អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់នូវសេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។
ID: 636850883528090930
ទៅកាន់ទំព័រ៖