ព្រះត្រៃបិដក ភាគ ៣៦
[៣៤២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីខ្នះខ្នែង ផ្គូផ្គង ប្រុងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យខ្ជាប់ខ្ជួន មិនឲ្យវិនាស ឲ្យធំទូលាយ ចំរើនបរិបូណ៌ ជាភិយ្យោភាព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។
[៣៤៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ (សេចក្តីព្យាយាម) ពោលគឺឆន្ទសមាធិ (សមាធិដែលអាស្រ័យ នូវសេចក្តីពេញចិត្ត)។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។
[៣៤៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយបធានសង្ខារ ពោលគឺ វីរិយសមាធិ (សមាធិ ដែលអាស្រ័យ នូវសេចក្តីព្យាយាម) ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។
ID: 636850892573228282
ទៅកាន់ទំព័រ៖