ព្រះត្រៃបិដក ភាគ ៣៦
[៤០] ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះសំណាក់នៃជនជាអាគន្តុកៈ ក្នុងផ្ទះសំណាក់នោះ មានពួកជនមកអំពីទិសខាងកើត ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងលិច ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងជើង ចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងត្បូង ចូលមកអាស្រ័យនៅក៏មាន មានពួកក្សត្រិយ៍ ចូលមកអាស្រ័យនៅក៏មាន មានពួកព្រាហ្មណ៍ ចូលមកអាស្រ័យនៅក៏មាន មានពួកវេស្សៈ ចូលមកអាស្រ័យនៅក៏មាន មានពួកសុទ្ទៈចូលមកអាស្រ័យនៅក៏មាន មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែកផ្សេង ៗ តែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី តែងកើតឡើង ទុក្ខវេទនាក្តី តែងកើតឡើង អទុក្ខមសុខវេទនាក្តី តែងកើតឡើង សុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង សុខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសក្តី តែងកើតឡើង ។ ចប់ សូត្រ ទី៤។
ID: 636850421330814758
ទៅកាន់ទំព័រ៖