ព្រះត្រៃបិដក ភាគ ៣៦
សម័យនោះឯង ព្រះអនុរាធដ៏មានអាយុ គង់ក្នុងអារញ្ញកុដិកា (កុដិតូចតាំងនៅក្នុងព្រៃ) ជិតព្រះដ៏មានព្រះភាគ។ លំដាប់នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនគ្នា ចូលសំដៅទៅរកព្រះអនុរាធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះអនុរាធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏បញ្ញត្តនូវសត្វនោះ ក្នុងហេតុទាំង ៤ នេះ គឺថា សត្វស្លាប់ទៅ កើតទៀត ១ សត្វស្លាប់ទៅមិនកើតទៀត ១ សត្វស្លាប់ទៅ មិនកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។
ID: 636850900748575885
ទៅកាន់ទំព័រ៖