ព្រះត្រៃបិដក ភាគ ៣៦
មិនឈ្លាសវៃ ។ បពិត្រព្រះអង្គដ៏ចំរើន ទើបបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បានពោលបង្អាប់ខ្ញុំព្រះអង្គ ដោយពាក្យថា ជាភិក្ខុថ្មីផង ដោយពាក្យថា ល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរអាត្មាអញតទៅទៀត តើគួរអាត្មាអញ ព្យាករដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎ ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង គប្បីព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងការពោលតាមលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។
ID: 636850901590064016
ទៅកាន់ទំព័រ៖