ព្រះត្រៃបិដក ភាគ ៣៦
មិនមែនដូច្នោះទេ ព្រះអង្គ។ សាធុ ៗ អនុរាធ ម្នាលអនុរាធ ក្នុងកាលពីមុនក្តី ក្នុងកាលឥឡូវនេះក្តី តថាគត ក៏បញ្ញត្តនូវទុក្ខ និងហេតុជាទីរលត់នៃទុក្ខ ប៉ុណ្ណោះឯង។ ចប់ សូត្រ ទី២។
[៤១៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ លំដាប់នោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងវេលាសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មាន អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរជាទីរឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត សត្វស្លាប់ទៅ កើតទៀតឬទេ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ សត្វស្លាប់ទៅ មិនកើតទៀតទេឬ។
ID: 636850902825294667
ទៅកាន់ទំព័រ៖