ព្រះត្រៃបិដក ភាគ ៣៦
[៤១៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ បេ។ ការដណ្តឹងសួរនោះ ក៏កើតឡើងថា ម្នាលអាវុសោ ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។
[៤១៦] ម្នាលអាវុសោ កាលបើបុគ្គលមិនដឹង មិនឃើញ នូវរូបតាមសភាវៈពិត មិនដឹង មិនឃើញ នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់ នៃរូបតាមសភាវៈពិត មិនដឹង មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់នៃរូប តាមសភាវៈពិតទេ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅមិនកើត ទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។
ID: 636850903733536615
ទៅកាន់ទំព័រ៖