ព្រះត្រៃបិដក ភាគ ៣៦
បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនា ដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច ការរលត់ទៅ នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា ដូចម្តេច អានិសង្ស នៃវេទនា ដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃវេទនា ព្រោះរលត់ទៅ នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់នូវការរលត់ទៅនៃវេទនា។ អដ្ឋង្គិកមគ្គនោះ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ សេចក្តីសុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនាឯណា នេះជាអានិសង្សនៃវេទនា។ វេទនាឯណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសនៃវេទនា។ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញនូវវេទនា ។
ID: 636850422472520060
ទៅកាន់ទំព័រ៖