ព្រះត្រៃបិដក ភាគ ៣៦
[៥១] គ្រានោះឯង ជាងឈើឈ្មោះ បញ្ចកង្គៈ ចូលទៅរកព្រះឧទាយិដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះឧទាយិដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ ជាងឈើឈ្មោះ បញ្ចកង្គៈ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះឧទាយិដ៏មាន អាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ហើយ មានប៉ុន្មាន។ ម្នាលគហបតី វេទនា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ម្នាលគហបតី វេទនា មាន ៣ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ។
[៥២] កាលព្រះឧទាយិ ពោលយ៉ាងនេះហើយ ជាងឈើឈ្មោះ បញ្ចកង្គៈ បានពោលទៅនឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនបានទ្រង់សំដែងទេ វេទនា ២ យ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម ។
ID: 636850423163389575
ទៅកាន់ទំព័រ៖