ព្រះត្រៃបិដក ភាគ ៣៦
[៥៩] ម្នាលអានន្ទ មួយវិញទៀត សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ជាអ្នកដឹងខ្លួនផង តែងសោយនូវសេចក្តីសុខ ដោយនាមកាយផង ពួកព្រះអរិយៈ តែងសរសើរភិក្ខុនោះថា ជាអ្នកមានឧបេក្ខា ជាអ្នកមានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ហើយចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះថា ពួកសត្វ តែងសោយនៅសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅ មានដែរ ។
ID: 636850761258397503
ទៅកាន់ទំព័រ៖