ព្រះត្រៃបិដក ភាគ ៣៦
[៦០] ម្នាលអានន្ទ ចុះសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវសេចក្តីសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ហើយចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមិនមានទុក្ខ មិនមានសុខ មានស្មារតី បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។
[៦១] ម្នាលអានន្ទ ពួកជនឯណា គប្បីពោល យ៉ាងនេះថា ពួកសត្វតែងសោយ នូវសេចក្តីសុខសោមនស្ស ជារបស់ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។
ID: 636850761493040924
ទៅកាន់ទំព័រ៖