ព្រះត្រៃបិដក ភាគ ៣៦
[៦២] ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់ នូវរូបសញ្ញាទាំងឡាយ ព្រោះមានបដិឃសញ្ញារលត់អស់ទៅ ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ទើបចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែល ល្អជាង និងថ្លៃថ្លាជាងសចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា គប្បីពោលយ៉ាងនេះ ថា ពួកសត្វរមែងសោយ នូវសេចក្តីសុខសោមនស្ស ដ៏ល្អិតក្រៃលែងនុ៎ះ។ តថាគតមិន ព្រមអនុញ្ញាតពាក្យនេះ ដល់ជនទាំងនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។
[៦៣] ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ កន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយទើបចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត សម្រេចសម្រាន្តនៅ។ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ពួកជនឯណា
ID: 636850761719013849
ទៅកាន់ទំព័រ៖