ព្រះត្រៃបិដក ភាគ ៣៦
ភិក្ខុនោះ លុះកំណត់ដឹង នូវវេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះហើយ ជាអ្នកមិនមានអាសវៈ ឋិតនៅក្នុងធម៌ ជាអ្នកដល់នូវវេទ លុះទំលាយរាងកាយទៅ មិនគួររាប់ថា (ជាអ្នកមានភពទៀតឡើយ)។ ចប់ សូត្រ ទី៥។
[១១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងសោយនូវសុខវេទនាផង សោយនូវទុក្ខវេទនាផង សោយនូវអទុក្ខមសុខវេទនាផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង តែងសោយ នូវសុខវេទនាដែរ សោយនូវទុក្ខវេទនាដែរ សោយ នូវអទុក្ខមសុខវេទនាដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកជនទាំងពីរពួកនោះ មានសេចក្តីប្លែកគ្នា ដូចម្តេច មានអធិប្បាយ ដូចម្តេច។ ចុះអរិយសាវក អ្នកចេះដឹង និងបុថុជ្ជន ដែលជាអ្នកមិនចេះដឹង តើមានដំណើរផ្សេង ៗ គ្នា ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាប្រធាន។ បេ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ តែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ រមែងសោយ នូវវេទនាទាំងពីរ ប្រព្រឹត្តទៅក្នុងកាយ និងប្រព្រឹត្តទៅក្នុងចិត្ត។
ID: 636850414704805772
ទៅកាន់ទំព័រ៖