ព្រះត្រៃបិដក ភាគ ៣៧
រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។ ពោលអំពីមគ្គ ដ៏រាប់បញ្ចូល ក្នុងអមតៈ មាន១២លើក ចាត់ថាចប់ឧបមាទី៣។
[២២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
ID: 636852102460279863
ទៅកាន់ទំព័រ៖