ព្រះត្រៃបិដក ភាគ ៣៧
[២៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ជាធម្មជាតិបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ជាធម្មជាតិបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
ID: 636852103815547380
ទៅកាន់ទំព័រ៖