ព្រះត្រៃបិដក ភាគ ៣៧
[២៦៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
ID: 636852109048836707
ទៅកាន់ទំព័រ៖