ព្រះត្រៃបិដក ភាគ ៣៧
[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យ នូវសេ្តចភ្នំឈ្មោះហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះចុះទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏ចុះទៅកាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគនោះក៏ដល់នូវការធំធាត់ឡើង ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។
[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់
ID: 636852109742596388
ទៅកាន់ទំព័រ៖