ព្រះត្រៃបិដក ភាគ ៣៧
បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះឯង។
[២៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលទេ្រតទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ឈើនោះ កាលបើគេផ្តាច់ឫសហើយ ក៏រលំទៅត្រង់ទីដែលទ្រេត ដែលទេរ ដែលឈម យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។
ID: 636852109954888530
ទៅកាន់ទំព័រ៖