ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ទាំងឡាយ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង។
[២៨០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវខ្សាយ ឬចុងស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យកើតឡើងបាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវ គេបានដាក់ទុកដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏យ៉ាងនេះឯង កាលបើទិដ្ឋិ ដែលភិក្ខុដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនៃទិដ្ឋិ ភិក្ខុបានដំកល់ទុកដោយល្អ។
ID: 636852110780855773
ទៅកាន់ទំព័រ៖