ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបានដោយស្រួល យ៉ាងនេះឯង។
[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹក អស់៦ខែ លុះដល់ហេមន្តរដូវ ទើបគេលើកឡើង មកកាន់ទីគោក ពួរទាំងនោះ ដែលនៅហាលខ្យល់ ហាលកំដៅថ្ងែ លុះភ្លៀងជោកជាំ ធ្លាក់បង្អុរមក ក៏រមែងពុកផុយដោយងាយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរឡើយ ក៏យ៉ាងនោះដែរ។
ID: 636852112062819097
ទៅកាន់ទំព័រ៖