ព្រះត្រៃបិដក ភាគ ៣៧
[៣០០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[៣០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក៣យ៉ាងនេះឯង។
[៣០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។
ID: 636852114217942363
ទៅកាន់ទំព័រ៖