ព្រះត្រៃបិដក ភាគ ៣៧
[៣១៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន៣យ៉ាង។ សេចក្តីប្រកាន់ ៣យ៉ាង តើអ្វីខ្លះ។ គឺប្រកាន់ថា អញជាបុគ្គលប្រសើរ (ជាងគេ)១ ប្រកាន់ថា អញជាបុគ្គលស្មើ (នឹងគេ)១ ប្រកាន់ថា អញជាបុគ្គលថោកទាប (ជាងគេ)១។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន៣យ៉ាង នេះឯង។
[៣១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចការស្វែងរកផងចុះ)។បេ។
ID: 636852115496305481
ទៅកាន់ទំព័រ៖