ព្រះត្រៃបិដក ភាគ ៣៧
[៣១៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន៣យ៉ាង។ អាសវៈ មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន៣យ៉ាង នេះឯង។
[៣១៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអាសវៈ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
[៣១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភពនេះ មាន៣យ៉ាង។ ភព មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមភព១ រូបភព១ អរូបភព១។ ម្នាលភិក្ខុទាំងឡាយ ភព មាន៣យ៉ាង នេះឯង។
[៣១៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវភព ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
ID: 636852115902398708
ទៅកាន់ទំព័រ៖