ព្រះត្រៃបិដក ភាគ ៣៧
ឱឃវគ្គ
[៣៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ (អន្លង់) នេះ មាន៤យ៉ាង។ ឱឃៈ មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមោឃៈ១ ភវោឃៈ១ ទិដ្ឋោឃៈ១ អវិជ្ជោឃៈ១។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ មាន៤យ៉ាងនេះឯង។
[៣៣៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឱឃៈ៤យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចសេចក្តីស្វែងរកផងចុះ)។
[៣៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿង ប្រកប) នេះ មាន៤យ៉ាង។ យោគៈ មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន៤យ៉ាងនេះឯង។
ID: 636852117759454926
ទៅកាន់ទំព័រ៖