ព្រះត្រៃបិដក ភាគ ៣៧
តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។
ID: 636852121517279861
ទៅកាន់ទំព័រ៖