ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣២​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​អមតៈ​ ​អមតៈ​ ​(​មិន​ស្លាប់​ ​មិន​ស្លាប់​)​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អមតៈ​ ​តើ​ដូចម្តេច​ ​ផ្លូវ​ជា​ដំណើរ​ទៅកាន់​អមតៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ការ​អស់​ទៅ​នៃ​រាគៈ​ ​ការ​អស់​ទៅ​នៃ​ទោសៈ​ ​ការ​អស់​ទៅ​នៃ​មោហៈ​ឯណា​ ​នេះ​ហៅថា​ ​អមតៈ​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ជា​ផ្លូវ​ ​ដំណើរ​ទៅកាន់​អមតៈ​។​ ​មគ្គ​ទាំង​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​
 [​៣៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នឹង​ចែក​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រក​ដោយ​អង្គ​ ​៨​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​នូវ​មគ្គ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​មគ្គ​ទាំង​ ​៨​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636851748178686115
ទៅកាន់ទំព័រ៖