ព្រះត្រៃបិដក ភាគ ៣៧
[៣៤] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង ក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃទុក្ខឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ។
[៣៥] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ។
[៣៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាចា។
[៣៧] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាកការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
ID: 636851748596520014
ទៅកាន់ទំព័រ៖