ព្រះត្រៃបិដក ភាគ ៣៧
លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិសង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។
ID: 636852128410874152
ទៅកាន់ទំព័រ៖