ព្រះត្រៃបិដក ភាគ ៣៧
[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់ នូវវចីទុច្ចរិត ចំរើន នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។
[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636852129302775166
ទៅកាន់ទំព័រ៖