ព្រះត្រៃបិដក ភាគ ៣៧
[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។
ID: 636852144617431114
ទៅកាន់ទំព័រ៖