ព្រះត្រៃបិដក ភាគ ៣៧
[៤២៧] បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។
ID: 636852145958457817
ទៅកាន់ទំព័រ៖