ព្រះត្រៃបិដក ភាគ ៣៧
[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដល់អ្នកចំរើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដល់អ្នកចំរើនពោជ្ឈង្គនោះ។
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
ចប់ គិលានវគ្គ ទី២។
ID: 636852146977306091
ទៅកាន់ទំព័រ៖