ព្រះត្រៃបិដក ភាគ ៣៧
[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការនេះឯង។
[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
ID: 636852148818241387
ទៅកាន់ទំព័រ៖