ព្រះត្រៃបិដក ភាគ ៣៧
[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។
[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
ID: 636852149459778081
ទៅកាន់ទំព័រ៖