ព្រះត្រៃបិដក ភាគ ៣៧
[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។
[៤៥៩] បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែក បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះអង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ព្រះដ៏មានព្រះភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។
ID: 636852150379800703
ទៅកាន់ទំព័រ៖