ព្រះត្រៃបិដក ភាគ ៣៧
[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។
ID: 636852153997857644
ទៅកាន់ទំព័រ៖