ព្រះត្រៃបិដក ភាគ ៣៧
[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ តើដោយហេតុដូចម្តេច។
[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្តេច។
ID: 636852156488870122
ទៅកាន់ទំព័រ៖