ព្រះត្រៃបិដក ភាគ ៣៧
[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។
ID: 636852157022660653
ទៅកាន់ទំព័រ៖