ព្រះត្រៃបិដក ភាគ ៣៧
[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ ដែលគេផ្កាប់ ឬបើកឡើង នូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់ នូវផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក នឹងបានឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់ នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អវិជ្ជាវគ្គ ទី១។
ID: 636851750607865056
ទៅកាន់ទំព័រ៖