ព្រះត្រៃបិដក ភាគ ៣៧
[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួកធម៌ ប្រកបដោយទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ឬស និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
ID: 636852159179364009
ទៅកាន់ទំព័រ៖