ព្រះត្រៃបិដក ភាគ ៣៧
[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង។
ID: 636852161376739692
ទៅកាន់ទំព័រ៖