ព្រះត្រៃបិដក ភាគ ៣៧
ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង ដូច្នេះដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី របស់យើងក្តី អំពីដំណើរធៀបធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។
ID: 636852161634514436
ទៅកាន់ទំព័រ៖