ព្រះត្រៃបិដក ភាគ ៣៧
តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើនពោជ្ឈង្គ ៧ ឲ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើន នូវពោជ្ឈង្គ៧ ឲ្យកើតមានឡើងដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម និងរបស់យើង អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។
[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
ID: 636852162276261142
ទៅកាន់ទំព័រ៖